កិច្ចប្រជុំ​ស្តីពីការវាយតម្លៃលទ្ធផលគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ចាប់ពីឆ្នាំ២០១១ ដែលឆ្នាំ​២០២០

កិច្ចប្រជុំ​ស្តីពីការវាយតម្លៃលទ្ធផលគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ចាប់ពីឆ្នាំ២០១១ ដែលឆ្នាំ​២០២០

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានជំនួបប្រជុំជាមួយប្រតិភូរបស់ធនាគារគារអភិវឌ្ឍន៍អាស៊ី ADB តាមប្រព័ន្ធអនឡាញ ស្តីពីការវាយតម្លៃ​លទ្ធផលគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០។

ជាកិច្ចស្វាគមន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានផ្តល់ហិរញ្ញប្បទានជាច្រើនដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា រួមទាំងវិស័យទឹកស្អាតផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ថា គោលនយោបាយទឹករបស់ ADB គឺស្របជាមួយនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទីប្រជុំជន​ឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០២៥ ដែលក្រសួងកំពុងអនុវត្ត, ហើយដើម្បីអាចសម្រេចបានគោលនយោបាយនេះ ក្រសួងត្រូវការជាចាំបាច់នូវការជួយគំាទ្រពីដៃគូអភិវឌ្ឍន៍នានា ក្នុងនោះ ក៏មានធនាគារអភិវឌ្ឍន៍អាស៊ី ADB ផងដែរ។

លោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជម្រាបជូនអង្គប្រជុំថា គោលបំណងរបស់បេសកកម្ម ADB គឺដើម្បីស្វែងយល់អំពី ថាតើការជួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា យ៉ាងណាដែរ ហើយតើយើងអាចរៀនសូត្របានអ្វីខ្លះពីការគាំទ្រនេះ, ចំណុចល្អ និងចំណុចខ្វះខាត? ហើយតើបញ្ហាអ្វីខ្លះ ដែលក្រសួងមានបំណងស្នើសុំឱ្យ ADB បន្តជួយគាំទ្រ ក៏ដូចជាបញ្ហាដែល​ជួបប្រទះក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនភាគី ADB ថា បច្ចុប្បន្នក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត ព្រមទាំងបង្កើតនូវយន្តការសម្របសម្រួលរវាងស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់រូប។ ទាក់ទងនឹងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រសួងកំពុងអនុវត្តគម្រោងចំនួន ២ គឺ គម្រោងផ្គត់ផ្គង់ទឹក​ស្អាតទីប្រជុំជន (Urban Water Supply Project) ADB លេខ ៣២៣២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ADB លេខ ៣៦៣០ ហើយដែល​មកដល់ពេលនេះការអនុវត្តគម្រោងទាំង២កំពុងដំណើរការ​បានល្អទៅតាម​ផែនការដែលបានគ្រោងទុក ទោះបីជា​កន្លងមកមានការយឺតយ៉ាវខ្លះ ដោយមូលហេតុ នៃការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទឹកស្អាត និងក្រសួង, ការរីករាលដាលជំងឺកូវីដ-១៩, ក៏ដូចជាមន្ត្រីរបស់គម្រោងមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ជំនួយបច្ចេកទេស (TA) ចំនួន ២ ដល់ក្រសួក្នុងការសិ​សិក្សា និងរៀបចំឯកសារពាក់ព័ន្ធ​ ដើម្បីស្នើសុំហិរញ្ញប្បទា​នពី ADB ហើយដែលជាលទ្ធផល គឺរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាសម្រាប់អនុវត្តគម្រោង ADB លេខ៣២៣២ និង ADB លេខ ៣៦៣០ ខាងលើ។ សម្រាប់កិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍, គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត លេខ៣៦៣០ គឺជាគំរូមួយដ៏ល្អ នៃកិច្ចសហប្រតិបត្តិការរវាងដៃគូអភិវឌ្ឍន៍ ដូចជា ADB, AFD, EU ជាដើម ក្នុងការអនុវត្តគម្រោងក្នុងវិស័យទឹកស្អាត។ ក្រៅពីនេះ ដៃគូអភិវឌ្ឍន៍ក៏បានបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត ឧទាហរណ៍ ដៃគូមួយគាំទ្រការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ហើយដៃគូមួយទៀត គាំទ្រការពង្រីកបណ្តាញទឹកស្អាត ជាដើម។

ទន្ទឹម​នឹង​នឹងនេះ ឯកឧត្តមបានបញ្ជាក់ថា ដោយមូលហេតុ​អាកាសធាតុ កំណើនប្រជាជន ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន តម្រូវការប្រើប្រាស់ទឹកមានការកើនឡើងឥតឈប់, ក្រសួងកំពុងពិចារណាអនុវត្តនូវគោលនយោបាយមួយ​ចំនួន ដូចជា ការលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាតដែលមានសមត្ថភាពហិរញ្ញវត្ថុ និងមានប្រភពទឹកគ្រប់គ្រាន់ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងពង្រីកបណ្តាញទឹកស្អាត រួមទាំងការលក់ទឹកដុំឱ្យតំបន់ដែលប្រឈមនឹងការខ្វះប្រភពទឹក។ ដោយឡែក តាមរយៈការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា ចំនួនភូមិប្រមាណ ៥០% នៅទូទាំងប្រទេសមិនទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដែលក្រសួង​ត្រូវខិតខំបន្តទៀត ដូចនេះ ដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាល គឺចាំបាច់ត្រូវមានហិរញ្ញប្បទានបន្ថែមទៀត សម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាត ក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវារបស់ខ្លួន។ ឯកឧត្តមក៏បានបញ្ជាក់ជូនថា ក្រសួងក៏បាន និងកំពុងគាំទ្រដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋនិងឯកជន (Public Private Partnership) ហើយក្រសួងក៏កំពុងអនុវត្តគោលនយោបាយគាំទ្រដល់គ្រួសារក្រីក្រ តាមរយៈការឧបត្ថម្ភធនភ្ជាប់បណ្តាញ និងការឧតបត្ថម្ភធនថ្លៃលក់ទឹក ជាដើម។

ក្រសួងក៏កំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការគាំទ្រដល់ការដំណើរការផ្គត់ផ្គង់ទឹកស្អាត ដូចជា ការប្រើប្រាស់ sensors ក្នុងការគ្រប់គ្រងគុណភាពទឹកស្អាត, ឬ ការប្រើ Internet of Thing។ សម្រាប់ការជួយគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផ្សេងទៀត ក្រសួងបាន និងកំពុងផ្តល់ការគាំទ្របច្ចេកទេស តាមរយៈមន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្រដល់អង្គភាព រដ្ឋារកទឹកសាធារណៈ ក្នុងការបង្កើនប្រសិទ្ធភាពដំណើរការប្រតិបត្តិការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។ ក្រសួងក៏កំពុងពិនិត្យលទ្ធភាពបង្កើតវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលជំនាញសម្រាប់វិស័យទឹកស្អាត ផងដែរ។

ជាចុងក្រោយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនប្រតិភូ ADB អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដូចដែល សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ តែងតែបានលើកឡើងនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ។ ឯកឧត្តមក៏បានជម្រាបជូនបន្ថែមថា ដោយមូលហេតុថា ភាគី ADB បានស្វែងយល់យ៉ាងច្បាស់អំពីស្ថានភាព និងតម្រូវការរបស់កម្ពុជា ដូចនេះ រាល់ការគាំទ្ររបស់ ADB គឺពិតជាសម​ស្រប និងបានឆ្លើយតបតាមតម្រូវការរបស់កម្ពុជា ដែលជាកត្តាធ្វើឱ្យការអនុវត្តគម្រោង/កម្មវិធីនានាដែលគាំទ្រដោយ ADB តែងទទួលបានលទ្ធផលល្អប្រសើរ ដូចការគ្រោង​ទុក។