ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្ត កំពង់ចាម

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្ត កំពង់ចាម

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្ត កំពង់ចាម

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ស្ថានីយ៍បូមទឹកឆៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ហៅកាត់ថា BUCG ក្រោមគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP)ផ្តល់ហិរញ្ញប្បទានសម្បទាន ដោយធនាគារអភិវឌ្ឍអាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ត្រូវ បានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង តាមប្រព័ន្ធ អនឡាញផង និងដោយផ្ទាល់ផង ។

តាមរបាយការណ៌រាយការណ៍ដោយឯកឧត្តម រស់ សាលីន អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោងទឹកស្អាត និងអនាម័យខេត្តបានបញ្ជាក់ថា៖ គម្រោងទឹកស្អាត និងអនាម័យ ខេត្ត (PWSSP) ជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB ដែលមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាភ្នាក់ងារប្រតិបត្តិ (Executing Agency) ទទួលបន្ទុករួម និងអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត ឯចំណែកក្រសួងសាធារណៈការ និងដឹកជញ្ជូនជាភ្នាក់ងារអនុវត្តគម្រោង (Implementing Agency) អនុវត្តការងារអនាម័យ។ គម្រោងនេះអនុវត្តនៅ៤ខេត្តគឺ៖ បាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដោយឡែកចំពោះការងារទឹកស្អាតត្រូវអនុវត្តតែនៅខេត្តពីរគឺ ខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។ គម្រោងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃ០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានថវិកាសរុប១១៩,១៧លានដុល្លារអាមេរិក ដែលរួមមាន៖ ឥណទានរបស់ ADB លេខ 3630-CAM (COL) ចំនួន៥0លានដុល្លារ ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) លេខ 8335-CAM (CKH 1188 01 V) គ្រប់គ្រងដោយធនាគារ ADB ចំនួន៤0លានយូរ៉ូ ឬប្រហែល៤៣,៥៤ លានដុល្លារអាមេរិក ជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប លេខ G0561-CAM ចំនួន៤,៦៧លានយូរ៉ូ ឬប្រហែល ៥,០៩លានដុល្លារអាមេរិក។ ផលប្រយោជន៍រំពឹងទុកថាទទួលបានពីគម្រោងគឺ៖ការលើកកម្ពស់បរិស្ថានទីក្រុង និងគុណភាពជីវិតរបស់ប្រជាជននៅទីប្រជុំជន ដោយត្រូវកសាងនូវសមិទ្ធផល នៅខេត្តកំពង់ចាម៖ គឺកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមានសមត្ថភាពផលិត ១១៦០០ម៉ែត្រ ត្រី គុណ ក្នុងមួយថ្ងៃ និងបណ្ដាញចែកចាយ ទឹកស្អាត ប្រវែង ៨០គម ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងកិច្ចសហការគ្នាដ៏ល្អរវាងដៃគូពាក់ព័ន្ធគ្នាទាំងអស់ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា៖នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជា បានកំណត់វិស័យទឹកជាវិស័យអសទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួន រួមមាន ៖ធនធានមនុស្ស ផ្លូវ ថ្នល់ និងអគ្គិសនី ដើម្បីកំណត់របៀបវារៈនៃការអភិវឌ្ឍន៍ប្រទេសជាតិ ។ ការកសាងប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ចាមក៏នឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានប្រជាជន ៩០% នៅទីប្រជុំជន នឹងទទួល បានទឹកស្អាត ប្រើប្រាស់នៅឆ្នាំ២០២៣ និង១០០% នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ ទឹកស្អាតសម្រាប់ទាំងអស់គ្នា ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នើនិងជំរុញឲ្យការអនុវត្តគម្រោងនេះដំណើរការឲ្យស្របតាមកិច្ចសន្យា ប្រកបដោយគុណភាព ហើយសាម៉ីក្រសួងនឹងខិតខំសហការឲ្យបានរលូន និងជោគជ័យ តាមការគ្រោងទុក ។

បន្ទាប់មកអង្គពិធីបានរៀបចំពិធីចុះហត្ថលេខា ដែលហត្ថលេខីនៃពិធីនោះ រួមមាន ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្ដមអនុរដ្ឋលេខាធិការ រស់ សាលីន ជាមួយលោក Wang Lei ប្រធានក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា និងលោកស្រី Lan Huifang ប្រធានគ្រប់គ្រងអាជីវកម្មតំណាងក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ស្តីពី ការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្ត កំពង់ចាម ។

រូបភាពច្រើនទៀត