ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកស្រីប្រធានអង្គការ JICA ជប៉ុន ប្រចាំ កម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកស្រីប្រធានអង្គការ JICA ជប៉ុន ប្រចាំ កម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកស្រីប្រធានអង្គការ JICA ជប៉ុន ប្រចាំ កម្ពុជា

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយលោក ស្រី KAMEI HARUKO ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (JICA) នៅទីស្តីការក្រសួងនារសៀលថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៣ ដៃគូសន្ទនា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ និងទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដែលរហូតដល់ បច្ចុប្បន្ន ជាខួបទី៧០ នៃ ទំនាក់ទំនង ការទូតនៃប្រទេសទាំងពីរ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលជា ប្រទេសមួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជា ។ ដោយឡែកជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អង្គការ JICA ជប៉ុន ជាដៃគូ មួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងកសរអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ។ ជាក់ស្តែង JICA បានជួយគាំទ្រលេីវិស័យទឹកស្អាត ក្រោមរូបភាពដូចជា ៖គម្រោងកសាងសមត្ថភាព ដែលជំហានទី ១ ចាប់ពីឆ្នាំ២០០៣ និងអនុវត្តបន្តបន្ទាប់ជំហាន ទី ២ និងជំហាន ទី ៣ ។ ហេីយ បច្ចុប្បន្ន គឺកំពុងអនុវត្តគម្រោង ពង្រឹង សមត្ថភាព របស់អគ្គនាយក ដ្ឋានទឹកស្អាត ក្នុង ការ គ្រប់គ្រង វិស័យផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ជំហានទី ៤) តាមរយៈគម្រោង ទាំងនេះ មន្ត្រីជំនាញជាច្រើននាក់ត្រូវ បានទទួលការបណ្តុះបណ្តាល រយ:ពេល ខ្លី មធ្យម និងវែង ដែលបង្កេីតបានជាធនធានមនុស្សដ៏សំខាន់ស សម្រាប់ការអភិវឌ្ឍន៍ វិស័យផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ប្រកបដោយចិរភាព ។ ក្រៅពីគម្រោងកសាង សមត្ថភាពទីភ្នាក់ងារ JICA ក៏បានផ្តល់ហិរញ្ញប្បទានសម្រាប់ពង្រឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកសាធារណ: ។ ជាក់ស្តែង បានបង្កេីន សមត្ថភាពផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ ,រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ,បាត់ ដំបង ,កំពង់ ចាម ,កំពត ,ពោធិ៍សាត់ ។ ទន្ទឹម នឹង នេះ ក៏មានគម្រោងពង្រីកបណ្តាញចែកចាយ នៅរដ្ឋាករទឹក ខេត្ត ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង ផងដែរ ។ ក្រៅពីនេះរាជរដ្ឋាភិបាល ជប៉ុនតាមរយៈ JICA បាន ផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងបង្កេីន សមត្ថភាពផ្គត់ផ្គង់ ទឹកស្អាត បន្ថែមរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ និងគម្រោង ពង្រីក សមត្ថភាព ប្រព័ន្ធ ប្រព្រឹត្តកម្ម សម្អាត ទឹក ភូមិ ព្រែកបន្ថែម ព្រមទាំងគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ខេត្តស្វាយរៀង ប្រមាណ ៦.៨០០ ម៉ែត្រ គូបក្នុងមួយថ្ងៃ ។ និយាយជារួមប្រជាជនកម្ពុជា ក៏ដូចជាអតិថិជន ពេលបានទឹកស្អាតប្រេីប្រាស់តែងនឹកដល់ម្ចាស់ជំនួយជប៉ុនជានិច្ច ។

លោកស្រី KAMEI HARUKO ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជាបានបង្ហាញនូវមោទនភាព និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួង និងទីភ្នាក់ងារ JICA ក្នុងការ អនុវត្តគម្រោងនានា ជាពិសេស លេីវិស័យទឹកស្អាត ដោយឈរលេីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ សម្រេចបានលទ្ធផលគួរជាទី មោទន:ជាបន្តបន្ទាប់ ។ ជាក់ស្តែង នៅពេលខាងមុខខ្លីៗនេះ នឹងមានដាក់សម្ពោធឲ្យប្រេីប្រាស់នូវប្រព័ន្ធពង្រីកទឹកស្អាត ខេត្តសៀមរាប និងខេត្តកំពង់ធំ ជាដេីម ។ ហេីយ ខេត្តស្វាយរៀង ក៏នឹងត្រៀមរៀបចំបញ្ចុះបឋមសិលាកសាងអាងប្រព្រឹត្តកម្មទឹកស្អាតនាពេលខាងមុខឆាប់ៗនេះផងដែរ ។

លោកស្រីប្រធាន ទីភ្នាក់ងារ JICA ក៏បានបង្ហាញជំហរគាំទ្រចំពោះ មតិ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែល ចង់ អោយ ខេត្តសៀមរាប ជាខេត្តដែលសម្បូរដោយប្រាងប្រសាទជាច្រេីន និងជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ប្រទេស ទទួល បានទឹកស្អាតប្រេីប្រាស់គ្រប់គ្រាន់បញ្ចៀស បាននូវការយកទឹកក្រោមដីហួសប្រមាណ ដែលនឹងធ្វេីឲ្យប៉ះពាល់ដល់គ្រឹះប្រសាទនានា ។ ជាចុងក្រោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានជូនពរលោកស្រីប្រធានKAMEI HARUKO ទទួល បាននូវជោគជ័យថ្មីៗថែមទៀតក្នុងមុខតំណែងថ្មី បន្ទាប់ពីលោកស្រីនឹងបញ្ចប់អណត្តិ ជាប្រធាន ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា នាពេេលខាងមុខនេះ ។