ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូក្រុមហ៊ុនCCECC មកពីប្រទេសចិន

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូក្រុមហ៊ុនCCECC មកពីប្រទេសចិន

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូក្រុមហ៊ុនCCECC មកពីប្រទេសចិន

បន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មសុីវិលនៃប្រទេសចិន (China Civil Engineering Construction Corporation) [CCECC]បានចុះហត្ថលេខាអនុស្សរណៈយោគយល់ក្នុងកិច្ចសហប្រតិបត្តិការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយយកទឹកពីទន្លេមេគង្គមកចែកចាយនៅតំបន់ជុំវិញនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបងរួចមក នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមានជំនួបពិភាក្សាការងារមួយ រវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Tony Wong អនុប្រធានក្រុមហ៊ុនសាជីវកម្ម CCECC នៃប្រទេសចិន ដើម្បីស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារ និងផ្តល់ធាតុចូលមួយចំនួនថែមទៀត ។

តាមការរាយការណ៍របស់លោក Tony Wang បានបញ្ជាក់ថា៖ការងារនេះ កំពុងមានដំណើរការទៅមុខ ដោយបានរៀបចំឯកសាររួចរាល់ ត្រៀមនឹងដាក់ឆ្លងការអនុម័តពីថ្នាក់លើរបស់ចិន ហើយអ្នកបច្ចេកទេស និងជំនាញការរបស់ចិននឹងមកដល់ម្ពុជា នៅចុងខែនេះ ។ ក្នុងនោះ ដំណើរការនៃការរៀបចំនូវឧបករណ៍សម្ភារ:សម្រាប់នាំចូលមកកម្ពុជា បម្រើឲ្យការងារស្នូលនឹងត្រូវអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះល្បឿនការងារ ដែលតាមការបញ្ជាក់របស់ភាគីចិននឹងត្រូវបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភាខាងមុខនេះហើយ ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានជំនឿថា៖ភាគីចិននឹងខិតខំសម្រេចនូវគម្រោងដ៏មានសារ:សំខាន់នេះ រួមជាមួយភាគីកម្ពុជា ដើម្បីអោយប្រជាពលរដ្ឋនៅភាគខាងកើតនៃប្រទេស ជាពិសេស នៅតំបន់ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែក និងការរោយម្សៅព័ណ៌ទឹកក្រូចដើម្បីជម្រុះស្លឹកឈើ ក្នុងសម័យសង្គ្រាមឥណ្ឌូចិននិងសហរដ្ឋអាមេរិក ទស្សវត្សន៍ឆ្នាំ៦៩-៧០ ទទួលបានទឹកស្អាតប្រើប្រាស់ ដោយយកប្រភពទឹកពីអាងទន្លេមគង្គ ។ បើយើងអនុវត្តបាន នូវគម្រោងដ៏ធំនេះ ចាត់ទុកថាយើងបានរំដោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧ រួមមាន ខេត្ត កំពង់ចាម ត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះ ជាដើម រួចផុតពីការប្រើប្រាស់ប្រភពទឹកក្រោមដី ឬទឹកស្រះ បឹង បួរ ដែលសម្បូរណ៍ដោយជាតិពុលគីមី និងមេរោគផ្សេងៗបន្សល់ពីសម័យសង្គ្រាម និងសកម្មភាពមនុស្សនាពេលបច្ចុប្បន្ន ។ ពីព្រោះយើងដឹងហើយថា ជាតិពុលគីមីសល់ពីសម័យសង្គ្រាម ហើយរស់នៅក្នុងទឹក នឹងធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស សត្វ ខ្លាំងណាស់ ជាពិសេសលើស្ត្រីមានផ្ទៃពោះ ធ្វើឲ្យទារកកើតមក មានភាពខុសប្រក្រតី ដែលជាបន្ទុករបស់សង្គមមួយផងដែរ ។