ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិច(BSEA)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិច(BSEA)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិច(BSEA)

នៅព្រឹកថ្ងៃទី​ ៣១​ តុលា​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ប្រតិភូ​ សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា​ ហៅកាត់ថា "BSEA” ដេីម្បី​ សម្តែងការគួរសម​និងពិភាក្សាការងារ​នៅទីស្តីការក្រសួង​ ។

លោក ចេង ជីជុន(Cheng Chi Chun) ជាប្រធានសមាគម និងជានាយកក្រុមហ៊ុន KUANTECH (CAMBODIA)INTERNATIONAL CO.,LTD​ បានជម្រាបជូនពីសាវតា​ គោលបំណង​នៃជំនួបពិភាក្សានិងចក្ខុវិស័យរបស់សមាគម​ដោយបានបញ្ជាក់​ថា​៖សមាគមបានចុះបញ្ជីកាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២២។បច្ចុប្បន្ននេះ BSEA មានសមាជិកពេញសិទ្ធិចំនួន​១៧នាក់ ដោយសារ BSEA ជា សមាគម​និយោជកថ្មីថ្មោងមួយដែលទើបតែបង្កើតឡើង ហេតុ​ដូច្នេះសមាគម នៅមានចំណុចខ្វះខាតជាច្រើនដែលត្រូវសិក្សាស្វែងយល់ រៀនសូត្រ និងអភិវឌ្ឍ​បន្ថែមទៀត ជាពិសេសការជួយជ្រោមជ្រែង និងចង្អុលបង្ហាញពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ពីព្រោះ ឯកឧត្តមជាឥស្សរជនដ៏ឆ្នើមមួយរូប​របស់ប្រទេសកម្ពុជា​ដែលមានបទពិសោធន៍ ជំនាញ និងចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៏ ជាពិសេសកិច្ចការពាណិជ្ជកម្ម ការគាំទ្រការនាំចេញ-នាំចូលការ​ពង្រីកទីផ្សារជាដើម​ ។ សមាគម​ ​ BSEA ត្រូវការជាចាំបាច់នូវការអភិវឌ្ឍន៍ខ្លួន ឲ្យមានស្ថេរភាពហិរញ្ញវត្ថុ ការពង្រីកបណ្តាញទំនងការ​ងារ​ឲ្យកាន់តែទូលំទូលាយ ក្នុង​ន័យធ្វើយ៉ាងណាឲ្យ BSEA អាចមានសមត្ថភាពពេញ លេញក្នុងការជួយគាំទ្រដល់សមាជិករបស់ខ្លួនឲ្យមានប្រសិទ្ធ​ភាព និងស័ក្ដិសិទ្ធិខ្ពស់​ ។​ សមាគម​ បានក្លាយជា​សមាជិកពេញសិទ្ធិរបស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា​(CAMFEBA) ជាផ្លូវ​ការរួចមកហើយ នឹងកំពុង​បំពេញបែបបទសុំចូលជា​សមាជិករបស់គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ(ILO-BFC)។ លើសពីនេះទៅទៀត BSEA កំពុងសិក្សាថាតើនៅ​មានស្ថាប័នពាក់ព័ន្ធណាខ្លះទៀត? ដែលត្រូវធ្វើសុំការគាំទ្រដល់សមាជិករបស់ខ្លួន ក្នុងគោលបំណងរួមចំណែកលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងសុខដុមនីយកម្ម។

មានប្រសាសន៍នាឱកាសនោះ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការស្វាគមន៍​ អបអរសាទរ​ និងវាយតម្លៃ​ខ្ពស់​ចំពោះ​ការបង្កេីត​បាននូវសមាគមថ្មីមួយទៀត​ ដែលមានលក្ខណៈចម្រុះ​ វិស័យ​ បន្ថែម​លេីសមាគមចំនួនបីដែលបានបង្កេីតរួចហេីយនៅកម្ពុជា​ ​រួមមាន៖សមាគមរោងចក្រកាត់ដេរកម្ពុជា​ (GMAC)-សមាគមរោងចក្រផលិតស្បែកជេីង​-​និងសមាគម​រោងចក្រ​ផលិតផលធ្វេីដំណេី​រ​ ​កាបូប​និងផលិតផល​ធ្វេីពីស្បែក​ ។ ជាមួយ​គ្នានេះ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏បាន​សាទរ​ផងដែរដែលសមាគមកំពុង​បំពេញបែបបទសុំចូលជាសមាជិករបស់គម្រោង​រោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO-BFC)​ ។ ទាក់​ទង​​ចំណុច​នេះ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ បានធ្វេីការពន្យល់ពីប្រវត្តិនៃការបង្កេីតគម្រោង​​រោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC)គឺ​ត្រូវ​លេចចេញជារូប​រាង​ កាលឯកឧត្តមនៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ ក្រោមគំនិតដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ដេីម្បីទាក់ទាញការវិនិយោគ​ ទំនុក​ចិត្ត​ និងពង្រីក​ទីផ្សារ​នាំចេញ​កម្ពុជា​ ។ គួរស្វែងយល់ថា​ គម្រោង​BFC នេះ​ ជាគំនិតផ្តួចផ្តេីម​របស់ខ្មែរ​សុទ្ធ​សាធ​ ហេីយមានតែនៅកម្ពុជាមួយប៉ុណ្ណោះលេីពិភពលោក​ ។ ប៉ុន្តែ​បច្ចុប្បន្ន​ក៏មានប្រទេសមួយចំនួនយកគម្រូតាមដែរ​ ។ ការដាក់ឲ្យអនុវត្តគម្រោងនេះ​ គឺគោលបំណងឲ្យម្ចាស់រោងចក្រកាត់ដេរ​ និងវាយនភ័ណ្ឌទាំងអស់គោរពច្បាប់​និង​លក្ខខណ្ឌ​ការងារ​និង គោ​រព​សិទ្ធិ​កម្មករ​ ព្រោះក្រោយកម្ពុជាចរចារបេីកទីផ្សារពាណិជ្ជកម្មក្រៅប្រទេសរួចហេីយ​ មានរោងចក្រជាច្រេីនរីកដុះដាលដូចផ្សិតនៅកម្ពុជាជាបន្តបន្ទាប់​ ហេីយកម្មករភាគច្រេីន​ ជាស្ត្រី​មកពីទីជនបទ​ និងតំបន់ដាច់ស្រយាល ខ្វះ​ចំណេះដឹង​ និងបទពិសោធន៍​ ។ ដូច្នេះ​គម្រោងនេះ​ ដែល​មានការត្រួតពិនិត្យ​និងដាក់ពិន្ទុពីអង្គការ​ អន្តរជាតិ​ខាងការងារ​ (ILO) គឺត្រូវ​ប្រាកដថា​ រោងចក្រក្នុងគម្រោង​BFC ទាំងអស់មិនមានការ​រំលោភសទ្ធិការងារ​និងកម្មករ​ ឬប្រេីពលកម្មកុមារជាដេីម​ ។ ការអនុវត្តកាតព្វកិច្ចនេះ​ ជាជម្រេីស​របស់អ្នកបញ្ជាទិញ​ ។ ទាក់ទងបញ្ហានេះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសង្កត់ធ្ងន់ថា៖​បេីសមាគម​ ឬរោងចក្រណាមួយសម្រេចចិត្តចូលក្នុងគម្រោង​ BFC កម្ពុជា​នេះហេីយ​ ត្រូវ​ខិតខំ​អនុវត្ត​តាម​លក្ខខណ្ឌ​ការងារនិងច្បាប់ជាធរមាន​ ដេីម្បីបានការវាយតម្លៃល្អពីអង្គការ​ ILO ហេីយនឹងមានអ្នកបញ្ជាទិញមានទំនុកចិត្ត​ខ្ពស់​ ដោយគេយល់ថាជាផលិតផលគ្មានការរំលោភសិទ្ធិការងារ​ និងកេងប្រវ័ញ្ចញេីសឈាមកម្មករ​ កម្មការិនី​ឡេីយ។

ជាមួយ​គ្នានេះ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បាន​ណែនាំ​ឲ្យសមាគ​ម​ខិតខំគៀងគរ​សមាជិកឲ្យបានច្រេីន​ និងជួយទាក់ទាញការវិនិយោគ​បន្ថែម​ ហេីយភាគីចិនមានការរីករាយ​ចំពោះការផ្តល់អនុសាសន៍ល្អៗរបស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ហេីយនឹងខិតខំពង្រឹងខ្លួន​ អនុវត្ត​ច្បាប់ជាធរមាន​ និងចូលរួមចំណែកក្នុងកំណេីន​សេដ្ឋកិច្ច​ និងទីផ្សារការងារ​ ជាពិសេសការគៀងគរ​សាមជិកបន្ថែម​ គាំទ្រ​សមាជិក​ ព្រមទាំង​ជួយផ្សព្វផ្សាយ​ ទាក់ទាញ​វិនិយោគិន​ឲ្យកាន់តែច្រេីន​ ។

រូបភាពច្រើនទៀត