ពិធីប្រគល់ព្រះរាជក្រឹត្យតែងតាំង​ និង​ផ្ដល់​ឋានៈ​ដល់ឥស្សរជន​ និងបញ្ញាវន្ត២៣​ រូប

ពិធីប្រគល់ព្រះរាជក្រឹត្យតែងតាំង​ និង​ផ្ដល់​ឋានៈ​ដល់ឥស្សរជន​ និងបញ្ញាវន្ត២៣​ រូប

ពិធីប្រគល់ព្រះរាជក្រឹត្យតែងតាំង​ និង​ផ្ដល់​ឋានៈ​ដល់ឥស្សរជន​ និងបញ្ញាវន្ត២៣​ រូបឲ្យបំពេញមុខងារ​ជាប្រធាន​ អនុប្រធាន​ និងសមាជិក​ នៃគណ:ប្រឹក្សាយោបល់វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ របស់ក្រុមប្រឹក្សាជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​
បន្ទាប់​ពីក្រសួងឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ត្រូវបាន​បង្កេីតឡេីង​តាមព្រះរាជក្រមចុះថ្ងៃទី២៦​ ខែ​មីនា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​ក៏បាន​សម្រេចឲ្យក្រសួងឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ រៀបចំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែលក្រុមប្រឹក្សាជាតិនេះ​ មានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាប្រធានកិត្តិយស​ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ជាប្រធាន​ រួមជាមួយអនុប្រធាន​ និងសមាជិកសរុបទាំងអស់ចំនួន៣៨​ រូប​ ។ ទន្ទឹម​នឹង​នេះ​ រាជរដ្ឋាភិបាល​ក៏បានឲ្យក្រសួងរៀបចំបង្កេីតគណ:ប្រឹក្សា​យោបល់​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ របស់ក្រុម​ប្រឹក្សាជាតិ​ ទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ហេីយ​ នៅព្រឹក​ថ្ងៃ​ទី​ ២២​ ខែ​ធ្នូ​ ឆ្នាំ២០២០​ ត្រូវ​បាន​រៀបចំពិធីប្រគល់ព្រះរាជក្រឹត្យ​ជូនប្រធាន​ អនុប្រធាន​ និង​សមាជិក​ សរុបចំនួន២៣​ រូប​ ក្រោមអធិបតីភាព​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ និង​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ នៅ​ទីស្តីការ​ក្រសួង​ ។
មានប្រសាសន៍នាឱកាសនោះ​ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងជាប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ចម​ ប្រសិទ្ធ​ បានចាត់ទុកឥស្សរជន​ និងបញ្ញវន្ត​ដែលត្រូវ​បានតែងតាំងទាំងអស់​ គឺជាធនធានខួរក្បាល​របស់ជាតិ​ដ៏សំខាន់ ពីព្រោះ​អ្នកទាំងអស់គ្នាសុទ្ធតែ​ទទួលបាន​ការទំនុកបម្រុងគាំទ្រពីរាជរដ្ឋាភិបាល​ដេីម្បីបានទៅបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ ក្នុង​មុខជំនាញផ្សេងៗគ្នា​ ទាំងក្នុង​និងក្រៅ​ប្រទេស​ ។ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានសង្កត់ធ្ងន់ថា៖​នេះ​ជាឱកាសមាសរបស់របស់​ឥស្សរជន​ និង​បញ្ញវន្ត​ទាំងអស់គ្នា​ ក្នុងការបញ្ចេញ​ចំណេះជំនាញ​ និងបទពិសោធន៍ដែលខ្លួនបានសិក្សារៀនសូត្រ​កន្លងមក​ សម្រាប់ចូលរួមបម្រេីជាតិ​ មាតុភូមិ​ និងពលរដ្ឋ​របស់យេីង ស្របពេលដែលប្រទេសជាតិ​ ក៏ដូចជាពិភពលោក​កំពុងមានការវិវឌ្ឍន៍ខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រ​ និងបដិវត្តន៍ឧស្សាកម្មជំនាន់​៤.០​ ។
ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានរំលឹកផងដែរថា៖កាលពី១០​ឆ្នាំ​មុន​ នៅឆ្នាំ២០១០​ រាជរដ្ឋាភិបាលបានបង្កេីតក្រុមប្រឹក្សាជាតិ​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ និង​បានបំពេញការងារបានមួយជំហ៊ានហេីយផងដែរ​ ។ ក៏ប៉ុន្តែ​យេីងមិនទាន់ប្រមូលផ្តុំបាននូវកំលាំងធនធានរួមរបស់យេីង​សម្រាប់ធ្វេីការងារនេះឲ្យចំគោលដៅ​ និងស្របនិងនិន្នាការវិវឌ្ឍន៍ដ៏ឆាប់រហ័សនាពេលបច្ចុប្បន្ន​ ។ ដូច្នេះ​ហេីយ​ទេីបនៅចុងឆ្នាំ២០១៩​ ប្រមុខរាជរដ្ឋាភិបាល​ សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ក្រោមចក្ខុវិស័យដ៏មុតស្រួច​ បានដាក់ចេញនូវគោលនយោបាយមួយទាក់ទងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ពីឆ្នាំ​២០២០​-២០៣០ ហេីយក៏​សម្រេច​ប្តូរឈ្មោះអតីតក្រសួងឧស្សាហកម្ម​និង​សិប្បកម្ម​ ទៅជាក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដេីម្បី​ឲ្យមាន​ក្បាលម៉ាសុីនដឹកនាំច្បាស់លាស់​ រួចធ្វេីការប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រទាំងអស់​ ដែលនៅស្ថាប័នផ្សេងៗគ្នា​ ចូលក្នុងបញ្ជី​សារពេីភ័ណ្ឌមួយ​សម្រាប់អង្គុយរួមគ្នា​ធ្វេីការ​ ដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី​សង្ឃឹម​ថា៖​ ឥស្សរជន​និង​បញ្ញវន្ត​ ដែលត្រូវតែងតាំងទាំងអស់នឹងសម្រួចចំណេះជំនាញរបស់ខ្លួនដែលបានខិតខំសិក្សារួចហេីយ​ ទោះកន្លងមក​ អ្នកខ្លះ​ធ្វេីការខុសមុខជំនាញ​រៀនសូត្រ​ក៏ដោយ​ តែពេលនេះជាឱកាសក្នុងការបំពេញការងារជូនជាតិប្រកប​ដោយ​មោទនភាព​ ពីព្រោះ​រាជរដ្ឋាភិបាល​ បានលេីកទឹកចិត្តតែងតាំងក្នុងមុខនាទីមួយដ៏ខ្ពង់ខ្ពស់តាមបទពិសោធន៍​ចំណេះ​ ជំនាញ​ និងសញ្ញបត្រដែលខ្លួនមាន​ គឺបានតែងតាំងចាប់ពីឋាន:ស្មេីរដ្ឋលេខាធិ​ការ​ អនុរដ្ឋលេខាធិការ​ និងអគ្គនាយក​ឡេីងទៅ ។