សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាស្នើឱ្យរដ្ឋាភិបាលសម្រួលបទប្បញ្ញត្តិដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាស្នើឱ្យរដ្ឋាភិបាលសម្រួលបទប្បញ្ញត្តិដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រួល​វិធានការ​ច្បាប់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគបន្ថែម។

ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក Tassilo Brinzer ប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានថ្លែងថា កំណើនសេដ្ឋកិច្ចជាច្រើនទសវត្សរ៍​កន្លង​មកនេះ និងកំណើនសមត្ថភាពរបស់ក្រសួង-ស្ថាប័នរដ្ឋ ពេលខ្លះ ​ធ្វើ​ឱ្យ​មាន​ការ​បង្កើតច្បាប់ និងបទបញ្ញតិ្តច្រើន​ពេក​។

លោកបានលើកឡើងថា៖ «យើងកំពុងសហការជាមួយសហសេវិកនៅប្រទេសវៀតណាម ថៃ សិង្ហបុរី និងម៉ាឡេស៊ី ដើម្បីទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប ដែលមានស្រាប់នៅក្នុងតំបន់អាស៊ាន ឱ្យពង្រីក​ប្រតិបត្តិការរបស់ខ្លួនចូលក្នុងប្រទេសកម្ពុជា។ ការ​កែសម្រួលបទប្បញ្ញត្តិ និងការ​កាត់​បន្ថយ​ការិយាធិបតេយ្យ ជា​រួម ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​យើង»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃការកែសម្រួល និងការធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិ និងបានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាថា រាជរដ្ឋាភិបាលកំពុងធ្វើការ​វាយ​តម្លៃ​ផលប៉ះពាល់នៃបទប្បញ្ញត្តិ ដើម្បីដាក់ចេញនូវ​អន្តរាគមន៍គោលនយោបាយ​ដែលទាក់ទាញ​ការ​វិនិយោគ និងគាំទ្រដល់កំណើនឧស្សាហកម្ម។

ឯកឧត្តមបានលើកឡើងទៀតថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងសំណើ​របស់​វិស័យឯកជន ហើយនឹងព្យាយាមដោះស្រាយបញ្ហា និងសំណើទាំងនោះ​ នៅក្នុងវេទិការាជ​រដ្ឋា​ភិបាល​-វិស័យ​ឯកជន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កំពុងអនុវត្តកំណែទម្រង់សេវាសាធារណៈមួយចំនួន ដែលនឹងជួយសម្រួលដល់ការបង្កើត​បរិយាកាសធុរកិច្ចអំណោយផល និងព្យាយាមរៀបចំឱ្យមានច្បាប់ បទប្បញ្ញត្តិ និងព័ត៌មានពាក់​ព័ន្ធ​ នានា ជាភាសាអង់គ្លេស និងភាសាខ្មែរសម្រាប់អ្នកវិនិយោគ។

ឯកឧត្តមបានស្នើឱ្យសភាពាណិជ្ជកម្មអឺរ៉ុបសហការដោយផ្តល់នូវទិន្នន័យតម្រូវការធាតុចូល ដូចជាវត្ថុធាតុដើម ដើម្បី​រៀបចំបង្កើតការផ្សារភ្ជាប់ទៅខ្សែច្រវាក់ផលិតកម្មនៅក្នុងឧស្សាហកម្ម ដែលគាំទ្រដល់សហគ្រាស​ធុនតូច និងមធ្យមក្នុងស្រុក។

សភាពាណិជ្ជកម្មអឺរ៉ុប បច្ចុប្បន្ន មានសមាជិកជិត ៤០០ ក្រុមហ៊ុន ហើយថ្មីៗនេះ បានចេញផ្សាយ បច្ចុប្បន្នភាព សៀវភៅស និង Advocacy Compass របស់ខ្លួន ដែលផ្តល់អនុសាសន៍​គោលនយោបាយ​​ពាណិជ្ជ​កម្ម និងវិនិយោគស្តីពីកម្ពុជា។

​​​​​​​