វេទិកាលើកទី ១១ ស្តីពីការផ្ទេរបច្ចេកវិទ្យាអាស៊ាន-ចិន និងនវានុវត្តន៍រួមគ្នា

វេទិកាលើកទី ១១ ស្តីពីការផ្ទេរបច្ចេកវិទ្យាអាស៊ាន-ចិន និងនវានុវត្តន៍រួមគ្នា

គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង (ឧ.វ.ប.ន.) បានបំពេញបេសកកម្មនៅសាធារណៈរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួម វេទិកាលើកទី ១១ ស្តីពីការផ្ទេរបច្ចេកវិទ្យាអាស៊ាន-ចិន និងនវានុវត្តន៍រួមគ្នា «11th Forum on Asean-China Technology Transfer and Collaborative Innovation» តបតាមការអញ្ជើញរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។ វេទិកាលើកទី ១១នេះ ជាត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយភាគីចិន និងអាស៊ាននៅទីក្រុងណាននីងនៃតំបន់ស្វ័យ័តក្វាងស៊ី ដែលដឹកនាំការរៀបចំដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន ក្រោមការគាំទ្ររបស់មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន (CATTC)ក្នុងក្របខណ្ឌ COSTI ដោយមានការចូលរួមពីថ្នាក់ដឹកនាំចម្បងៗរួមមាន៖ ឯកឧត្តមបណ្ឌិត វ៉ាង ជីកាង (Wang Zhigang) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន ឯកឧត្តម លាន ធៀនលី (LAN Tianli) អភិបាលខេត្តតំបន់ស្វ័យ័តក្វាងស៊ី និងព្រមទាំងរដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន.។ បទអន្តរាគមន៍ចម្បងៗរបស់ក្រសួង ឧ.វ.ប.ន. នៅក្នុងវេទិកាលើកទី ១១នេះ មានដូចខាងក្រោម៖

• ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកវេទិកាលើកទី១១ ក្នុងនាម ឯកឧត្តមទេសរដ្ឋមន្ត្រី។

• គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅ China Asean Digital Economy Industrial Park (STI Park) ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រង និងប្រជុំទ្វេភាគីជាមួយក្រុមហ៊ុន Guangxi Investment Group Co., Ltd ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាមានទុនវិនិយោគធំមួយ លើសួនពាក់ព័ន្ធនឹង វ.ប.ន.។ ក្រុមហ៊ុននេះមាចេតនាចងវិនិយោគនៅក្នុងស្រុកខ្មែរ និងសុំឱ្យមាន MoU ជាមួយ ក្រសួង ឧ.វ.ប.ន.។

• កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនតំណាងដោយ ឯកឧត្តមបណ្ឌិត វ៉ាង ជីកាង បានផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យផ្ទេរបច្ចេកវិទ្យា ការបណ្តុះធុរៈកិច្ចថ្មីក្នុងវិស័យកម្មន្តសាល ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យ វ.ប.ន. និងកិច្ចការពាក់ព័ន្ធនឹង វ.ប.ន. ផ្សេងៗទៀត។

• ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកវេទិកាលើកទី១ «1st Forum on China-ASEAN AI Cooperation» នៅទីក្រុងហ្គួយលីន ក្នុងនាម ឯកឧត្តមទេសរដ្ឋមន្ត្រី។

• ចូលរួមក្នុងកម្មវិធី «វេទិកាលើកទី៥ នៃអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ាន+៣»។

• កិច្ចប្រជុំជាមួយ Shanghai Science & Technology Center ដោយផ្តោតលើកិច្ចសហការលើការបណ្តុះធុរៈកិច្ចក្នុង វិស័យបច្ចេកវិទ្យាកម្មន្តសាល «Manufacturing Tech StartUp»។