រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា តម្លៃជិត៣៧ លានដុល្លារត្រូវបានសម្ពោធដាក់ដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីងគឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងឧស្សាហកម្មយានយន្តរបស់កម្ពុជា។ក្នុងពិធីសម្ពោធនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងអំណរគុណក្រុមហ៊ុនតូយ៉ូតាដែលបានពង្រីកធុរកិច្ចរបស់ខ្លួនពិសេសការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុងមកជាការវិនិយោគសង់រោងចក្រផ្គុំនិងដំឡើងរថយន្តនេះ។ឯកឧត្តមបានសង្កត់ធ្ងន់ថាការសម្ពោធដាក់ឱ្យដំណើរការរោងចក្រនេះនឹងក្លាយជាកម្លាំងការទាក់ទាញ វិនិយោគិនបរទេសមកកម្ពុជា។ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទុនវិនិយោគសរុបនៃវិស័យឧស្សាហកម្មរបស់កម្ពុជាមានចំនួនជាង ១៩.០៦១,៣ លានដុល្លារអាមេរិក កើនឡើង ១៣,៥៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឯកឧត្តមបានកត់សម្គាល់ពីកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានរោងចក្រចំនួន ៨១ កំពុងដំណើរការ កើនឡើង ២,៥៣% ធៀបនឹងឆ្នាំ២០២៣។ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាថ្មីនេះប្រើទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក ផ្តល់ការងារចំនួន១៥០កន្លែង និងមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តចំនួន ១.៣២០គ្រឿង ផ្តោតលើរថយន្តតូយ៉ូតាពីរប្រភេទគឺ Toyota FORTUNER និង Toyota HILUX ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងឆ្នាំ២០២៤។ក្រុមហ៊ុនតូយ៉ូតាបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយការផ្តល់រថយន្តតូយ៉ូតាដល់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)នៅក្នុងឆ្នាំ១៩៩៣។ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation បានលើកឡើងថា៖ "ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់យើងបានបោះជំហានទៅមុខ រួមគ្នានឹងរដ្ឋាភិបាលកម្ពុជា ដោយបានពង្រីក និងបង្កើនសកម្មភាពអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រុមហ៊ុននឹងបន្តជំរុញអាជីវកម្មរបស់ខ្លួនមិនត្រឹមតែការផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្ត តាមរយៈការបង្កើត សាលាបណ្ដុះបណ្ដាលតូយ៉ូតា (Toyota Academy) តបតាមការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាបច្ចុប្បន្នមានរោងចក្រដំឡើងរថយន្តចំនួន ៦៖
- រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG
- រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD
- រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI
- រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA
- រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង
- រោងចក្ររបស់ TOYOTA TSUSHO MANUFACTURING នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលកំពុងដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថារោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះគឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជាដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចការបង្កើតការងារ និងវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា។